Monday, November 7, 2011

ជយោ! អក្សរ​យូនីកូដ​ខ្មែរ មាន​វត្តមាន​នៅ​លើ​ទូរស័ព្ទ Android មួយ​ចំនួន​ហើយ

នេះ​ជា​ព័ត៌មាន​ដ៏​គួរ​ឲ្យ​រំភើប​រីករាយ​មួយ ដែល​អ្នក​រាល់​គ្នា ជា​ពិសេស​អ្នក​ពេញ​និយម​ប្រើ​ប្រាស់ Android តែង​តែ​ទន្ទឹង​រង់​ចាំ​ចង់​បាន ចង់​ឃើញ។ តើ​ជា​ព័ត៌មាន​អ្វី​ទៅ? បាទ! គឺ​ថា​នៅ​ពេល​នេះ អក្សរ​យូនីកូដ​ខ្មែរ​អាច​បង្ហាញ​បាន​យ៉ាង​ល្អ​នៅ​លើ​ទូរស័ព្ទ Android មួយ​ចំនួន​ហើយ។

តើ​អក្សរ​យូនីកូដ​ខ្មែរ​បង្ហាញ​បាន​យ៉ាង​ដូច​ម្ដេច​ទៅ?

អក្សរ​យូនីកូដ​ខ្មែរ​នេះ គឺ​យើង​អាច​វាយ​បាន អាច​អាន​បាន​ដូច​នៅ​លើ​កុំព្យូទ័រ​ដែរ។ តែ​វា​មិន​ទាន់​បង្ហាញ​បាន​ត្រូវ ១០០%​ទេ។ គឺ​នៅ​មាន​បញ្ហា​ចំពោះ​តួ​អក្សរ​ពីរ​បី​ប៉ុណ្ណោះ។ តែ​នេះ​គឺ​ជា​ការ​ចាប់​ផ្ដើម ដូច្នេះ​តែង​តែ​មាន​បញ្ហា​ហើយ។ នៅ​ពេល​ខាង​មុខ បញ្ហា​ទាំង​ឡាយ​នឹង​ត្រូវ​បាន​ដោះ​ស្រាយ នៅ​ពេល​នោះ​អក្សរ​យូនីកូដ​ខ្មែរ​នៅ​លើ Android នឹង​ត្រូវ​បង្ហាញ​បាន​យ៉ាង​ល្អ​ឥត​ខ្ចោះ​ដូច​នៅ​លើ​កុំព្យូទ័រ​ដែរ។ ដើម្បី​ឲ្យ​កាន់​តែ​ជ្រាប​ច្បាស់​នោះ សូម​លោក​អ្នក​មើល​រូប​ខាង​ក្រោម​ទាំង​ប៉ុន្មាននេះ ដែល​ជា​រូប​ផ្ដិត​ចេញ​ពី​ទូរស័ព្ទ​របស់​សមាជិក​នៃ​ក្រុម CAUG (នៅ​លើ Facebook)។

តើ​ទូរស័ព្ទ​ណា​ខ្លះ​ដែល​អា​ច​ប្រើ​បាន?

មក​ដល់​ពេល​បច្ចុប្បន្ន​នេះ ប្រភេទ​ទូរស័ព្ទ​ដែល​បាន​រាយការណ៍​មក​ថា​បង្ហាញ​បាន​ត្រូវ​នោះ​មាន​ដូច​ជា៖
  • LG Optimus 2X – MIUI និង Cyanogenmod 7.1
  • HTC HD2 MiUi ផ្អែក​លើ Android 2.3.5
  • HTC My Touch 4G – MIUI
  • Sony Ericsson Xperia X8/W8 – CM7.1
  • Samsung Nexus S – MIUI
  • HTC Nexus One – Stock ROM (The first stock ROM support)
  • Samsung Galaxy S – MIUI
  • Samsung Galaxy S II – MIUI

តើ​យើង​បញ្ចូល​បាន​តាម​របៀប​ណា​ទៅ?

មុន​នឹង​ឈាន​ដល់​គន្លឹះ​ក្នុង​ការ​បញ្ចូល ខ្ញុំ​សំនូម​ពរ​ឲ្យ​អ្នក​ទាំង​អស់​គ្នា​ធ្វើ​ការ​បម្រុង​ប្រព័ន្ធ (Backup System) ទុក​ជា​មុន​សិន ដើម្បី​បង្កា​បញ្ហា​មួយ​ចំនួន​នៅ​ពេល​បញ្ចូល (ដូច​ជា​បើក​ទូរស័ព្ទ​មក​ចូល​មិន​ដល់​ទី​ប្រើ​ប្រាស់)។ ដើម្បី​បម្រុង​ទិន្នន័យ​ទុក ចំពោះ​ប្រភេទ​ទូរស័ព្ទ​មួយ​ចំនួន​ធំ​អ្នក​អាច​ប្រើ ClockworkMod ដោយ​ដំឡើង​វា​តាម​រយៈRecovery Manager។ ម្យ៉ាង​ទៀត​សូម​ប្រាកដ​ថា​ទូរស័ព្ទ​របស់​អ្នក​បាន​ជីក​ឫស (root) រួច​ហើយ :)
ជា​ដំបូង​សូម​ទាញ​​យក​ឯកសារ​ណា​មួយ​ពី​តំណ​ខាង​ក្រោម​នេះ (សូម​ពិនិត្យ​មើល​ប្រភេទ CPU របស់​អ្នក)៖
ក្រោយ​ពី​បាន​ទាញ​យក​ឯកសារ និង​បម្រុង​ប្រព័ន្ធ​ទុក​រួច​ហើយ សូម​ចូល​ទៅ​កាន់ ClockworkMod (reboot into ClockworkMod) ហើយ​ជ្រើស​រើស​យក​ការ​បញ្ចូល .zip ពី Sd Card របស់​អ្នក។ បន្ទាប់​មក​បើក​ទូរស័ព្ទ​អ្នក​ឡើង​វិញ។ (របៀប​បញ្ចូល​លម្អិត ខ្ញុំ​នឹង​រៀប​រៀង​ដាក់​ផ្សាយ​តាម​ក្រោយ)
ប្រសិន​បើ​អ្នក​ដឹង​អំពី​របៀប​បញ្ចូល​តាម ClockworkMod ហើយ​បញ្ចូល​​ដើរ​បាន​យ៉ាង​ល្អ​លើ​ទូរស័ព្ទ​របស់​អ្នក សូម​កុំ​ភ្លេច​រាយការណ៍​ប្រាប់​ផង ដើម្បី​ឲ្យ​ដឹង​អំពី​ស្ថិតិ​ទូរស័ព្ទ​ដែល​អាច​ប្រើ​បាន។
>>> សម្រាប់ Sony Ericsson Xperia 2011 MSM8255 Chipset <<<
MSM8255 Chipset: 
  • Xperia Arc
  • Xperia Play
  • Xperia Mini Pro
  • Xperia Ray
  • Xperia Neo
ការ​ដំឡើង
  • ទាញយកឯកសារxperia_mini_pro_mango.zipតាមតំណរនេះ៖ http://www.megaupload.com/?d=BPTYWDZP
  • ពន្លារឯកសារហើយធ្វើការចម្លងយកឯកសារទាំងអស់ ចូលទៅកាន់ថត៖ /system/lib/
  • ធ្វើការបិទនឹងបើកទូរស័ព្ទឡើងវិញ។

ហើយ​ជា​ចុង​ក្រោយ​ខ្ញុំ​សូម​អរគុណ​ចំពោះ​អ្នក​ដែល​បាន​ខិត​ខំ​ស្ថាបនា និង​អភិវឌ្ឍ​ឲ្យ​អក្សរ​យូនីកូដ​ខ្មែរ​បង្ហាញ​បាន​យ៉ាង​ល្អ​លើ​ទូរស័ព្ទ Android មាន​ដូច​ជា៖
  • លោក ធីម ច័ន្ទ ឫទ្ធី , ដែល​បាន​អភិវឌ្ឍ​ឲ្យ​បាន​ដើរ​ជា​មួយ​ប្រភេទ​ទូរស័ព្ទ Android នានា
  • លោក Stephen Gibberd , ដែល​បាន​ផ្ដល់​កូដ​ដើម​​នៃ​យូនីកូដ​ខ្មែរ​លើ Android ដើម្បី​អាច​ឲ្យ​អ្នក​ទាំង​អស់​គ្នា​ទាញ​យក​ទៅ​អភិវឌ្ឍ​សម្រាប់ Android (http://finder.com.kh) ហើយ​លោក​ក៏​បាន​ចូលរួម​បង្កើត​ក្ដារ​ចុច​យូនីកូដ​ខ្មែរ​លើ Android ដែរ
  • លោក Javier Sola , ដែល​បាន​ជួយ​ផ្ដល់​ឯកសារ​វចនានុក្រម​នៅ​ពេល​វាយ​អក្សរ (Predict Text)
  • លោក ដាញ់ ហុង , ដែល​បាន​ជួយ​ផលិត​ពុម្ព​អក្សរ​សម្រាប់​ប្រើ​លើ Android ហើយ​ក៏​បាន​ចូលរួម​ក្នុង​ការ​បង្កើត​ក្ដារ​ចុច​យូនីកូដ​ខ្មែរ​លើ Android ដែរ
សម្រាប់​ជំនួយ និង​ព័ត៌មាន​បន្ថែម​ទៀត​សូម​ចូល​រួម​ក្នុង​ក្រុម «អ្នក​ប្រើ​ប្រាស់​ទូរស័ព្ទ Android នៅ​កម្ពុជា (ហៅ​កាត់ CAUG)» ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​បណ្ដាញ Facebook។ ម្យ៉ាង​វិញ​ទៀត​សូម​កុំ​ភ្លេច​បង្ហាញ​ចំណាប់​អារម្មណ៍​របស់​អ្នក អំពី​ព័ត៌មាន​មួយ​នេះ​ផង :)
ប្រុង​ប្រយ័ត្ន៖ សូម​ទទួល​ខុស​ត្រូវ និង រ៉ាប់​រង ទៅ​លើ​បញ្ហា​នានា​ដោយ​ខ្លួន​ឯង នៅ​ពេល​កំពុង​ធ្វើ។

No comments:

Post a Comment